២០១៧៖ ឆ្នាំនៃការបង្រ្កាបលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា

នៅថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៧ កាសែតឌឹខេមបូឌាដេលី បានប្រកាសបិទជាលើកដំបូង​របស់​ខ្លួន បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល២៤ឆ្នាំនៅកម្ពុជា។ ការប្រកាសឈប់ដំណើរការនេះ បាន​កើតឡើង បន្ទាប់ពីមានជំលោះ​រឿងវិក័យប័ត្របង់ពន្ធប្រមាណ៦,៣លានដុល្លារអាមេរិក ជាមួយ​​ភាគីរដ្ឋាភិបាល។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ឌឹខេមបូឌាដេលី បាន​និយាយ​ថា អំណាច​ដើម្បីបង់ពន្ធ គឺជាអំណាចដើម្បីកំទេច ហើយថា រដ្ឋាភិបាលកម្ពុជា បាន​បំផ្លាញ​ផ្នែក​មួយនៃសេរីភាពសារព័ត៌មានរបស់ប្រទេសកម្ពុជា។

ក្នុងពេលកាសែតឌឹខេមបូឌាដេលីប្រកាសបិទ បញ្ហានៃរឿងអាជ្ញាប័ណ្ណលើការផ្សាយ ក៏ជា​មូល​ហេតុ​នាំ​ឱ្យ​​មានការបិទស្ថានីយវិទ្យុ​ជាច្រើននៅកម្ពុជាផងដែរ ហើយនេះជាអ្វី ​ដែល​អ្នកជំនាញ​ខាង​ប្រព័ន្ធផ្សព្វផ្សាយ បានរៀបរាប់ថា នេះជា​ការបង្ក្រាបយ៉ាងធំ​លើទៅ​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ មុនការបោះឆ្នោតឆ្នាំ២០១៨។

អង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងនៅក្នុងរបាយការណ៍​សង្ខេប កាល​ពី​ចុង​​ខែ​សីហាឆ្នាំ២០១៧ថា ប្រេកង់វិទ្យុអេហ្វអ៊ឹមចំនួន៣២ នៅទូទាំងខេត្តចំនួន២០ ត្រូវ​បាន​បញ្ជា​ឱ្យ​បិទដោយអាជ្ញាធរកម្ពុជា។ ប៉ុន្តែ យោងតាមឯកសាររបស់ក្រសួងព័ត៌មាន ចុះកាល​បរិច្ឆេទ​ថ្ងៃ​​ទី២៣ខែវិច្ឆិកា តួលេខនៃចំនួនវិទ្យុ គឺមានលក្ខណៈទាបជាងនេះ ដែលមានត្រឹម២១​ស្ថានីយ​​​​វិទ្យុប៉ុណ្ណោះ នៅទូទាំងប្រទេស ត្រូវ​បាន​រាយការណ៍ថា បានបិទ​ដោយសារ​បញ្ហា​អាជ្ញា​ប័ណ្ណ

ស្ថានីយវិទ្យុដែលត្រូវបញ្ជាឲ្យបិទនេះ គឺភាគច្រើនចាក់ផ្សាយបន្តកម្មវិធីរបស់គណបក្សប្រឆាំង ដែលគណបក្សនេះ ត្រូវបានរំលាយដោយអំណាចតុលាការកំពូលកម្ពុជាកាលពីថ្ងៃទី១៦​ខែ​វិច្ឆិកាឆ្នាំ២០១៧ ហើយក៏មានចាក់ផ្សាយកម្មវិធីព័ត៌មានជាភាសាខ្មែរ របស់វិទ្យុអាស៊ីសេរី វីអូអេ និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី។

កម្មវិធីវិទ្យុទាំងនោះ ត្រូវបានផ្អាកការផ្សាយទាំងអស់ និងកម្មវិធីព័ត៌មានរបស់ពួកគេ ក៏មិនអាច​រក​បាន​តាមរលកអាកាសផងដែរ។ អង្គការលីកាដូ បាននិយាយថា ការបិទការផ្សាយ​របស់​ស្ថានីយ​វិទ្យុទាំងនោះ បានផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ជាពិសេស​ពលរដ្ឋ​រស់នៅ​តំបន់​ជនបទ ដែល​វិទ្យុ ​គឺជា​ប្រភពព័ត៌​មាន​ដ៏​សំខាន់​មួយ ខណៈការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។

នៅថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៧ វិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ក៏បានប្រកាសបិទ​ការិយាល័យ​ក្រុង​ភ្នំពេញ​របស់ខ្លួន​ ហើយបានបញ្ឈប់សកម្មភាពនានានៅក្នុងប្រទេស។ នៅក្នុងសេចក្តីថ្លែង​ការណ៍ វិទ្យុអាស៊ីសេរី ​បាននិយាយថា ​ការបង្ក្រាបថ្មីៗ ទៅលើប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ធ្វើឱ្យពួកគេ មិនអាចបន្តការងារបាននៅក្នុងប្រទេស។ នៅថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៧ អតីត​អ្នក​កាសែតវិទ្យុអាស៊ីសេរី​ពីរនាក់ ក៏ត្រូវបានឃុំខ្លួន​​ជា​បណ្តោះ​អាសន្ន ដោយ​សាលា​​​​ដំបូងរាជធានីភ្នំពេញ ពីបទ«ចារកម្ម»។ ការចោទការប្រកាន់និងឃុំខ្លួន ​អ្នកកាសែត​ទាំងពីររូប គឺកើតឡើងតិចជាងពីរខែ បន្ទាប់​ពីវិទ្យុ​អា​ស៊ី​សេរី បាន​ប្រកាស​ឈប់​ប្រតិបត្តិការ។ យោងតាមក្រមព្រហ្មទណ្ឌកម្ពុជា ​ពួកគេ នឹងត្រូវ​ប្រឈម​ជាប់ពន្ធនាគារ​ពី​៧​ទៅ​១៥ឆ្នាំ ក្នុង​ករណី ពួកគេ​ទាំងពីរនាក់​ត្រូវបានផ្តន្ទាទោស។

នៅក្នុងឯកសារឆ្លើយតបទៅនឹងអង្គការសហប្រជាជាតិ​ ក្រសួងព័ត៌មានកម្ពុជា ​បានការពារ​ចំណាត់​ការរបស់ខ្លួនលើការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដោយថា រដ្ឋាភិបាល មិន​បាន​ប្រើច្បាប់ ដើម្បីរារាំងឬបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនោះឡើយ។ យោងតាម​ឯកសារ​ដដែល​នេះ រដ្ឋាភិបាលក៏បានបដិសេធផងដែរថា​ ស្ថានីយវិទ្យុត្រូវបានបិទដោយគ្មាន​ការ​ព្រមាន។

ក្នុងពេលមានការបង្ក្រាបលើប្រពន្ធផ្សព្វផ្សាយឯករាជ្យ ក្រុមអ្នកវិភាគ ត្រូវបាន​ដក​ស្រង់​ដោយ​កាសែត​ភ្នំពេញប៉ុស្តិ៍ថា សារព័ត៌មាន Fresh News ជាកម្លាំង​ដែលមានឥទ្ធិពលបំផុត ក្នុង​ការ​ផ្សាយ​ព័ត៌មានគាំទ្ររដ្ឋាភិបាល ប៉ុន្តែ អ្នក​គ្រប់គ្រងសារព័ត៌មាននេះ បានបដិសេធ​ នូវការ​ភ្ជាប់ទំនាក់ទំនង​ជាផ្លូវការណាមួយ ជាមួយ​គណ​បក្សកាន់អំណាច៕