នយោបាយ

ចាប់តាំងពី​ឆ្នាំ១៩៨៥​មក ប្រទេស​កម្ពុជាមានស្ថិរភាព​លើ​ទំនាក់ទំនង​នយោបាយ ​ក្រោម​ការដឹកនាំរបស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​។ បន្ទាប់​ពី​សន្ធិសញ្ញា​ទីក្រុង​ប៉ារីសត្រូវបាន​ចុះហត្ថលេខា​ ក្នុងឆ្នាំ១៩៩១ ប្រទេស​នេះត្រូវបាន​គ្រប់គ្រង​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​ នៃ​អង្គការសហប្រជាជាតិ ហើយ​ការ​បោះឆ្នោត​ថ្នាក់ជាតិ​ទូទាំង​ប្រទេស ​ត្រូវ​បាន​រៀបចំ​នៅ​ឆ្នាំ១៩៩៣​។ ទោះបីជាលោក​ ហ៊ុន ​សែន បាន​បរាជ័យ​ក្នុង​ការបោះឆ្នោត​នេះ តែលោក​បាន​បដិសេធ​មិន​ព្រម​បោះបង់​អំណាច​។ ​នៅ​ទី​បញ្ចប់ អង្គការសហប្រជាជាតិ​ បាន​តែងតាំង​លោក​ជានាយករដ្ឋមន្ត្រី ដើម្បី​ធ្វើការ​បម្រើ​រួមគ្នា​ ជាមួយ​ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ។ នៅក្នុង​ការបោះឆ្នោត​លើក​ទី​ពីរ នៅ​ឆ្នាំ​១៩៩៨ លោក ហ៊ុន​ សែន បាន​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ​ឱ្យ​ទទួល​ជ័យជម្នះ​ ដែល​ជា​ពេល​ទន់ខ្សោយ​នៃ​រដ្ឋាភិបាល​ចម្រុះ ​ចំពោះ​គណបក្ស​​ហ្វ៊ុន​ស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ​។ ចាប់តាំងពី​ពេលនោះ​មក អំណាច​នយោបាយត្រូវបាន​ប្រមូលផ្តុំ​ឆ្ពោះទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បច្ចុប្បន្ន បាន​កាន់កាប់​ពីរភាគបី​នៃ​អាសនៈ​រដ្ឋសភា​។ បច្ចុប្បន្ននេះ ជា​អាណត្តិ​ទី​ប្រាំ​របស់លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ហើយ​លោកជា​មេដឹកនាំ​មួយរូប​ដែល​កាន់​តំណែង​យូរ​បំផុត​នៅលើ​ពិភពលោក​។​

​នៅក្នុង​ឆ្នាំ១៩៩៥ គណបក្ស​ប្រឆាំង​ជា​ផ្លូវការ​លើកទីមួយ ត្រូវបាន​បង្កើត​នៅ​ក្រោម​ឈ្មោះ គណបក្ស​សមរង្ស៊ី​។ គណបក្ស​នេះ​ដឹកនាំ​ដោយលោក​ សម ​រង្ស៊ី ជា​តំណាងរាស្ត្រ​នៅ​មណ្ឌល​សៀមរាប​នា​ពេល​នោះ ហើយ​ក្រោយមក គណបក្ស​នេះបាន​រួម​បញ្ចូល​គ្នា​ជាមួយ​គណបក្សសិទ្ធិមនុស្ស (HRP) ។ គណបក្ស​សិទ្ធិ​មនុស្ស​ បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០៧ ដោយ​លោក​ កឹម សុខា ដែល​ជា​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​ស្ថាបនិក​នៃ​កម្មវិធី​វិទ្យុ​វី​អូ​ឌី​។ គណបក្ស​ទាំង​ពីរ​ ពោល​គឺ​គណបក្ស​សមរង្សុី និង​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​រួម​បញ្ចូល​គ្នា​នៅ​ឆ្នាំ២០១២ ហើយ​បាន​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា (CNRP) ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុង​ការបោះឆ្នោត​សភាជាតិ ​ឆ្នាំ២០១៣។​

​ទោះបីជា​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​គ្រប់​ដណ្តប់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ ក្នុងអំឡុងពេល​នៃ​យុទ្ធនាការបោះ​ឆ្នោត​ក៏​ដោយ​ ក៏គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់បង់​អាសនៈ​ជា​ច្រើនក្នុង​សភា​ ប៉ុន្តែ​នៅតែ​ទទួលបាន​សំឡេង​ច្រើន​ជាង​​គណបក្សប្រឆាំង​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ ពី​បទ​ក្លែងបន្លំ​ក្នុង​ការបោះឆ្នោត​ ហើយ​បាន​ធ្វើពហិការ​មិន​ចូល​សភា និងចាប់ផ្តើម​យុទ្ធនាការ​ប្រឆាំង​នឹង​គ​ណ​បក្ស​កាន់​អំណាច ដែល​ឈាន​ដល់​ចំណុចកំពូល​ នៅ​ចុងឆ្នាំ​២០១៣​។ ពោល​គឺមាន​មនុស្ស​រាប់ពាន់​នាក់ បាន​ដើរ​ក្បួន​កាត់​តាម​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ​លាលែង​ពី​តំណែង​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​ក្លាយជា​វេទិកាយ៉ាង​ប្រសើរ​មួយ សម្រាប់​គណបក្ស​កាន់អំណាច ហើយ​ជា​មធ្យម

[គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ការផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ច្រើន​បំផុត​]។ កាលពី​ខែ​កក្កដា ឆ្នាំ២០១៤ [ភាគី​ទាំងពីរ​ រួម​មាន​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​យល់ព្រម​ធ្វើការ​រួមគ្នា ​នៅក្នុង​រដ្ឋសភាជាតិ]។​

​ការសម្រុះសម្រួល​ផ្នែក​នយោបាយ​នេះ មាន​ឥទ្ធិពល​លើ​គោលការណ៍​នៃ​ការអនុវត្តន៍​ផ្នែក​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​។ ការចោទប្រកាន់ចំពោះការធ្វើ​របាយការណ៍តែ​ម្ខាង​ ឬ​មិន​ពិត ​ត្រូវបាន​លើកឡើង​ជា​ញឹកញាប់​។ ក្នុងនាម​ជាអ្នកកាសែត​ ត្រូវ​ប្រឈមមុខ​នឹង​បណ្តឹង​បទ​បរិហារកេរ្តិ៍ សម្រាប់​ការបោះពុម្ពផ្សាយ​មាតិការិះគន់​រាជរ​ដ្ឋា​ភិបាល និង​គណបក្សកាន់អំណាច ហើយ​វា​ធ្វើឲ្យ​អ្នកសារព័ត៌មាន​ មាន​ការភ័យខ្លាច​ក្នុង​ការធ្វើ​សេចក្តីអធិប្បាយ​ លើ​បញ្ហារសើប​នៃ​រឿង​នយោបាយ​។ ដោយ​កង្វះ​នូវ​សិទ្ធិ​ការពា​រលើ​អ្នកកាសែត និង​អ្នក​បញ្ចេញ​ព័ត៌មាន វា​បាន​ក្លាយជា​កក្តា​ដ៏​សំខាន់ ​ក្នុងការ​រា​រាំង​អ្នកកាសែត​ក្នុង​ការគាស់កកាយ​បញ្ហា​មួយចំនួន [Sok Som Oeun, ២០១៥]។​

​ទន្ទឹម​នឹង​គ្នា​នេះ​ផង​ដែរ ទោះបី​ស្ថានភាព​សេរីភាព​សារព័ត៌មាន មាន​លក្ខណៈ​កាន់តែ​ប្រសើរ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិតខាង វា​នៅតែ​មាន​ការ​រឹត​បន្តឹង​មួយចំនួន​ ដោយសារ​តែ​ជម្លោះ​ផ្នែក​នយោបាយ និង​សង្គម​ ដែល​កំពុងតែ​បន្ត​នៅក្នុង​ប្រទេស​មួយ​នេះ​។​

  • គណបក្ស​ប្រជាជន​កម្ពុជា (៤៨,៨៣%)

  • ​គណបក្ស​សង្គ្រោះ​ជាតិ ​(៤៤,៤៦%)

  • ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ (៣,៦៦%)

  • គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ (១,០៣%)

  • ​គណបក្ស​ខ្មែរ​ឈប់​ក្រ (០,៦៥%)

  • ​គណបក្ស​ប្រជាជាតិ​ខ្មែរ​ (០,៥៨%)

​ប្រភព​

BBC Profile: Cambodia's Hun Sen
The Inter-Parliamentary Union (1996)
Rainsy (2012). Merger between Sam Rainsy Party and Human Right Party (video)

Roberts (2011). The Media Map Project Cambodia. Case Study on Donor Support to Independent Media, 1990-2010
Sok Som Oeun (2015). Media Ownership Monitor - Legal Assessment
The Electoral Reform Alliance (2013). Joint-report on the conduct of the 2013 Cambodian elections.